chanthea

Wednesday, August 28, 2013

 អេនឌី ផ្ទុះ​ជម្លោះ​ដើរ​ដល់​ផ្លូវ​បំបែក​ជាមួយ កែវ នីសា


 ប្រភព Lookingtoday ភ្នំពេញ៖ ដៃគូចម្រៀងប្រុសស្រី ប្រៀបដូចលលកញីឈ្មោល លោក អេនឌី និងអ្នកមេម៉ាយក្តៅស្រួយ កែវ នីសា កន្លងមកធ្លាប់បានជំពប់ និងរឿងរ៉ាវស្នេហាប្រុសស្រី ជាមួយគ្នាដោយសារតែភាព ស្និទ្ធស្នាលផ្អែមល្ហែម ដូចស្រមោចនិងស្ករ ធ្វើឲ្យគេមានការច្រណែន និងសរសើរមិនដាច់ពីមាត់ថា គូស្នេហ៍មួយគូនេះចាក់ទឹកមិនលេចទេ។
ជុំវិញរឿងរ៉ាវស្នេហារបស់ តារាសម្តែងសម្បុរសសាច់ម៉ដ្ឋរលោង លោក អេនឌី និងស្រីស្រស់ប្រិមប្រិយអ្នកនាង កែវ នីសា នេះជារឿយៗតែងតែ មានការចេញមុខច្រានចោល ចំណងស្នេហ៍ក្រៅឆាកនេះ ពីតារាទាំងពីរដួងមិនដាច់ទេ រហូតធ្វើឲ្យមហាជនមួយចំនួនគិតថា ប្រហែលជាគូស្នេហ៍មួយនេះ ចង់មានជីវិតស្នេហាឯកជនរវាងគ្នានិងគ្នា ទើបមិនចង់ជីកកកាយមកលាតត្រដាង ជាសាធារណៈហើយរហូតមកដល់ពេលនេះ គេនៅមិនទាន់ប្រាកដក្នុងចិត្តថា ទំនាក់ទំនងរបស់ពួកគេត្រឹម តែជាមិត្តរួមអាជីពឬគូស្នេហ៍ទេ។
ក្រោយពីមានព័ត៌មាននេះលេចឡើង មិនទាន់ស្ងប់ស្ងាត់ស្រួលបួលផង ក៏ស្រាប់តែលេចឮព័ត៌មានថ្មីមួយទៀត បង្ហើបប្រាប់ឲ្យដឹងថា លោក អេនឌី និងអ្នកមេម៉ាយចាយសម្រស់ កែវ នីសា ចាប់ផ្តើមមានភាពល្អក់កករជាមួយគ្នា រហូតដល់ផ្ទុះជម្លោះពាក្យសំដីធ្ងន់ យ៉ាងតឹងសរសៃក ដាក់គ្នា ទៅវិញទៅមកដោយមិនសំចៃមាត់ រហូតធ្វើឲ្យពួកគេទាំងពីរនាក់ ត្រូវចែកផ្លូវគ្នាដើរលើវិថីសិល្បៈរៀងៗខ្លួន។
តាមប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា មូលហេតុដែលធ្វើឲ្យពួកគេ មានភាពចម្រូងចម្រាសជាមួយគ្នា ដោយសារតែមានបុរសម្នាក់ដែលចូលខ្លួន មកធ្វើជាអ្នកទី៣ នាំឲ្យតារាចម្រៀង១គូនេះ មានការយល់ច្រឡំរហូតប៉ះទង្គិច ពាក្យសំដីគ្នាបែបនេះតែម្តងទៅ ហើយបើតាមការឈ្លោះប្រកែកនោះ គេបានបង្ហើបថាប្រហែលជាមិនអាចវិល មកចាប់អាជីពរួមគ្នាដូចមុនបានទេ ។
បន្ទាប់ពីមានព័ត៌មាននេះតារាសម្តែង ដែលមានរហ័សនាមថាជាបុរស កំពូលសំណាងបានប៉ះប្រាណ ឱបរឹតតារាស្រីច្រើនជាងគេ លោក អេនឌី បានប្រាប់ Looking TODAY ឲ្យដឹងថា លោកមិនបានមាន បញ្ហាឈ្លោះប្រកែកជាមួយ នីសា ដូចការលើកឡើងទេ តែលោកព្រមទទួលស្គាល់ថា មួយរយៈពេលចុងក្រោយនេះលោក និង នីសា ហាក់មានគម្លាតឆ្ងាយពីគ្នាខ្លាំងមែន ។
លោកបានបន្តទៀតថា “ការរយាមិនសូវមានភាពសិ្នទ្ធស្នាលគ្នា ដូចមុនដោយសារខ្ញុំ និង នីសា មានការរវល់ការងាររៀងៗខ្លួន ម្យ៉ាងពេលនេះ នីសា នាងទើបតែមកពីសម្តែង នៅក្រៅប្រទេសហើយនាង ក៏ជាពិធីការិនីឲ្យ MY TV ទៀត ហើយខ្ញុំក៏រវល់ការងារសិល្បៈ និងការងាររកស៊ីទើបមិនសូវ បានជួបគ្នាដូចមុនធ្វើឲ្យគេ មានការយល់ច្រឡំ ថាពួកខ្ញុំមានជម្លោះជាមួយគ្នាបែបនេះទៅ ” ។
តារាសម្តែងលោក អេនឌី បានប្រាប់បន្ថែមទៀតថា តាមពិតទៅសម្រាប់លោក និង នីសា គឺជាដៃគូចម្រៀងជាមួយគ្នាយូរមកហើយ ប៉ុន្តែមិនមែនជាដៃគូ ស្ថិតថេរយូរទេ ព្រោះថាលោកនិង ដៃគូមានការរវល់ការងារផ្សេងពីគ្នា ហើយក្រៅពីកែវនីសា លោកក៏មានដៃគូចម្រៀង ផ្សេងទៀតដូចជា សឿ សុធារ៉ា ឈិត សុជាតា កែវ ស្រីនាង ហើយការដែលលោកចាប់ដៃគូនេះ ក៏មានការគាំទ្រនិងស្នើរ សុំពីទស្សនិកជនដែរ។
តារារូបនេះក៏បានបញ្ជាក់ផងដែរថា “តាមរយៈការបកស្រាយរបស់ខ្ញុំ និងធ្វើឲ្យទស្សនិកជន លែងយល់ច្រឡំទៀតហើយខ្ញុំ និងនីសាគឺជាដៃគូចម្រៀង មិនមានទំនាក់ទំនងស្នេហាក្រៅឆាក ដូចគេចុះផ្សាយទេហើយមួយវិញទៀត ខ្ញុំទាំងពីរនាក់ រាប់អានគ្នាយូរចាត់ទុកថា ជាមិត្តជិតដិតអីចឹង ហើយស្និទ្ធស្នាលបែបនេះ ” ៕



No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons