chanthea

Wednesday, August 28, 2013

របបស៊ីរី មានពាក់ព័ន្ធ ការប្រើបា្រស់ អាវុធគីមី


ប្រូសែល៖ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់តិចខាងជើង ហៅកាត់ថា ណាតូ លោក Anders Fogh Rasmussen បាននិយាយ កាលពីថ្ងៃពុធ កន្លងទៅនេះថា ប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាលស៊ីរី បានប្រើប្រាស់អាវុធគីមី ក្នុងការវាយប្រហារ នៅតំបន់ក្បែរទីក្រុង ដាម៉ាស កាលពីសប្តាហ៍មុន។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៣នេះបានឲ្យដឹងដោយលើកឡើងនូវសំដី របស់លោក Rasmussen ថា ប្រទេស ស៊ីរីបានរក្សាទុកអាវុធគីមី។ ប្រភពព័ត៌មាន បានចង្អុលបង្ហាញថា របបស៊ីរី មានពាក់ព័ន្ធចំពោះការប្រើប្រាស់ អាវុធគីមីក្នុងហេតុកាណ៍នៃការវាយប្រហារកាលពីសប្តាហ៍មុន។មេដឹកនាំ អង្គការណាតូរូបនេះ បានលើកឡើង បន្ទាប់មន្ត្រីទូតរបស់អង្គការណាតូ បានពិភាក្សាពីបញ្ហាស្ថានភាពក្នុង ប្រទេស ស៊ីរី។

លោកបន្តថា ទង្វើនេះជាការបំពានលើគោលការណ៍ និងការអនុវត្តរបស់អន្តរជាតិ ។ ការប្រើប្រាស់អាវុធគីមី គឺជារឿងមិនអាចទទួលយកបាននោះទេ ហើយក៏មិនអាចមិនអើពើបានដែរ។ អ្នកដែលប្រព្រឹត្តចាំបាច់ត្រូវ តែទទួលខុសត្រូវ ។ លោក Rasmussen បានចាត់ទុកការប្រើបា្រស់អាវុធគីមី ជាការបំពានលើសន្តិភាព និងសន្តិសុខអន្តរជាតិ។
លោកបានសង្កត់ធ្ងន់ថា ក្រុមប្រទេសសម្ព័ន្ធមិត្ត អាចនឹងបន្តប្រឹក្សាទៅលើបញ្ហានេះ និងជួយដល់ប្រទេស ទួគី និងផ្តល់ការការពារនៅតាមបន្ទាត់ព្រំដែនក្បែរប្រទេសស៊ីរី។ លោកលើកឡើងថា អង្គការណាតូ បង្ហាញ ការគាំទ្រយ៉ាងពេញទំហឹងចំពោះការបន្តការស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ ប៉ុន្តែ គួរឲ្យសោកស្តាយ ដែល រដ្ឋាភិបាល ស៊ីរី ពុំបានសហការ ជាមួយក្រុមអ្នកស៊ើបអង្កេត របស់អង្គការសហប្រជាជាតិ ដើម្បីត្រួត ពិនិត្យនៅតំបន់កើតហេតុឡើយ។
ក្រុមប្រឆាំងក្នុងប្រទេសស៊ីរី បានប្រកាសថា មនុស្ស១៣០០នាក់ត្រូវសម្លាប់ដោយការវាយ ប្រហារដោយ អាវុធគីមី ពីសំណាក់កម្លាំងរដ្ឋាភិបាល ក្នុងតំបន់ក្បែរទីក្រុង ដាម៉ាស់។ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានច្រានចោលដោយរដ្ឋាភិបាលស៊ីរី៕

No comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons